សិង្ហបុរី៖ ករណីធ្វើអត្តឃាតនៅឆ្នាំ២០២០ មានចំនួន៤៥២ករណី ច្រើនជាងឆ្នាំមុនៗ។ នេះបើតាមរបាយការណ៍ចេញដោយសារមជ្ឈមណ្ឌលបង្ការការធ្វើអត្តឃាតសិង្ហបុរី ( SOS) នៅថៃ្ងទី៨ ខែកក្កដា ឆ្នាំ២០២១។

ករណីអត្តឃាតនៅឆ្នាំ ២០២០ មាន៤៥២លើក កើនឡើង១៣ភាគរយ ធៀបនឹងឆ្នាំ២០១៩ ដែលមាន៤០០ករណីប៉ុណ្ណោះ។ បើតាមការសង្កេត ការកើនឡើងអត្រាអត្តឃាតកើតមានគ្រប់វ័យទាំងអស់មិនថាចាស់ ឬក្មេង ហើយភាគច្រើននៃអ្នកធ្វើអត្តឃាត ជាក្រុមមនុស្សវ័យចំណាស់ ដែលរងសម្ពាធផ្លូវចិត្តខ្លាំងអំឡុងពេលជំងឺកូវីដ-១៩ ។

អាជ្ញាធរសង្ហបុរីបានឱ្យដឹងថា អំឡុងពេលការជំងឺកូវីដ-១៩ មនុស្សចាស់ទំនងប្រឈមនឹងបញ្ហាគម្លាតសង្គម មានអារម្មណ៍ឯកោ និងព្រួយបារម្ភផ្នែកហិរញ្ញវត្ថុច្រើន ជាហេតុបណ្តាឱ្យពួកគាត់ធ្វើអត្តឃាត។

កាលពីខែកក្កដាឆ្នាំ២០២០ មជ្ឈមណ្ឌល SOS បានប្រកាសថា សារធារណៈជនអាចទាក់ទងមកកាន់លេខ៤ខ្ទង់ ១-៧៦៧ ដើម្បីទទួលការប្រឹក្សាយោបល់ពីបញ្ហាផ្លូវចិត្តដោយបំរើសេវាកម្មពេញ២៤ម៉ោង។ មជ្ឈមណ្ឌល SOS បានទទួលការខលចូលប្រមាណ៣៩,៧៧៩លេខ ពីក្រុមមនុស្សដែលមានគំនិតស្ទាក់ស្ទើរនិងភ័យខ្លាចក្នុងការស្វែងរកជំនួយ៕