ខេត្តព្រៃវែង ៖ បុរសម្នាក់ខឹងប្រពន្ធចាយលុយច្រើនបន្តិច ចោទនាងមានសាហាយ ហើយច្របាច់កប្រពន្ធរហូតដល់ស្លា-ប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។

តាមសម្តីរបស់សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះ អី សះ អាយុ៣៩ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មានទីលំនៅក្នុងភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែកឯបុរសជាប្តីដែលបានស-ម្លាប់ប្រពន្ធឈ្មោះ យ៉ា ហ្វា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរអីស្លាម មានទីលំនៅក្នុងភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម អ្នកទាំងពីរមានមុខរបរដើរលក់អីវ៉ាន់តាមរថយន្ត។ តាមការឲ្យដឹងពីលោកអធិការក្រុងព្រៃវែង ស្ត្រីរងគ្រោះធ្លាប់មានប្តីមុនម្តងរួចមកហើយ និងមានកូនប្រុសម្នាក់ ក្រោយមកទើបមកជួប និងរួមរស់ជាមួយប្តីទី២នេះ ហើយមានកូនជាមួយគ្នាចំនួន៣នាក់ទៀត។ ប្តីប្រពន្ធនេះប្រកបមុខរបរដឹកអីវ៉ាន់ដើរលក់តាមខេត្ត ចេញពីខេត្តមួយទៅខេត្តមួយច្រើនឆ្នាំមកហើយ ប៉ុន្តែមិនដែលមានទំនាស់អ្វីទេ ទើបតែមកដល់ខេត្តព្រៃវែងនេះ ស្រាប់តែចាប់មានបញ្ហារកាំរកុះជាមួយគ្នា រហូតដល់បុរសជាប្តីដាច់ចិត្តច្របាច់កសម្លាប់ប្រពន្ធបែបនេះ។

តាមសម្ដីរបស់កូនប្រុសច្បងជនរងគ្រោះ បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុនោះ ពួកគេបានជួលបន្ទប់២ស្នាក់នៅ ដោយឪពុកម្តាយដេក១បន្ទប់ និងកូនៗទាំង៤នាក់ ដេក១បន្ទប់។ លុះយប់បន្តិចស្រាប់តែកូនៗឮសំឡេងឪពុកម្តាយឈ្លោះប្រកែកគ្នា និងលាន់ឮសំឡេងប្រទូស្តសារ៉ាយគ្នាបន្តិច ក៏ស្រាប់តែស្ងាត់ឈឹង ដោយមានការសង្ស័យ កូនប្រុសច្បងអាយុជិត២០ឆ្នាំ បានចេញទៅគាស់បង្អួចបន្ទប់ឪពុកម្តាយមើល ក៏ស្រាប់តែឃើញឪពុក កំពុងតែច្របាច់ក និងខ្ទប់មាត់ម្តាយ ទើបស្រែកឆោឡោហៅម្ចាស់ផ្ទះជួលឲ្យចេញមកជួយគាស់ទ្វារបន្ទប់ដើម្បីជួយស្ត្រីរងគ្រោះ ប៉ុន្តែពេលគាស់ទ្វារចូលទៅបាន ខណៈជនរងគ្រោះបានដាច់ខ្យល់ស្លា-ប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅអន្តរាគមន៍ និងឃាត់ខ្លួនឃាតកភ្លាមៗតែម្តង។

ចំណែកបុរសជាឃាតក ក្រោយពេលត្រូវបានចាប់ខ្លួនបានសារភាពប្រាប់សមត្ថកិច្ចថា មូលហេតុដែលធ្វើឲ្យរូបគេខឹង រហូតដាច់ចិត្តសម្លាប់ប្រពន្ធនោះ គឺដោយសារតែស្ត្រីជាប្រពន្ធចាយលុយច្រើនពេក ហើយមានអាការៈលាក់លៀមច្រើន ទើបរូបគេគិតថាប្រពន្ធលួចមានសាហាយ ក្បត់រូបគេ ក៏ដាច់ចិត្តច្របាច់កសម្លាប់បែបនេះទៅ។ បច្ចុប្បន្នសាកស-ពស្ត្រីរងគ្រោះត្រូវបានកូនៗនាំយកទៅធ្វើបុណ្យនៅស្រុកកំណើត ឯខេត្តកណ្តាលវិញហើយ ប៉ុន្តែមុនចេញទៅ កូនច្បងជនរងគ្រោះបានអះអាងថា រូបគេមិនចង់ឲ្យឪពុកគេជាប់គុកទេ គឺចង់ឲ្យសមត្ថកិចដោះលែងឪពុកវិញ ដើម្បីឲ្យឪពុករកស៊ីចិញ្ចឹមរូបកគេ និងប្អូនៗតូចៗ៣នាក់ទៀតនោះ ប៉ុន្តែបញ្ហានេះ គឺច្បាប់មិនអាចលើកលែងទេ ហើយពេលនេះជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី៕