(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មិនទាន់ឱ្យអនុវត្តនូវការកំណត់លក្ខខណ្ឌ «បានចាក់វ៉ាក់សាំង ទើបឱ្យចូលធ្វើការងារ» ចំពោះកម្មករ កម្មការិនីនោះឡើយ។

សម្តេចតេជោ បានណែនាំទៅម្ចាស់រោងចក្រ សហគ្រាស ដែលជាគ្រឹះស្ថានការងារទាំងអស់ មិនទាន់ឱ្យអនុវត្តនូវការកំណត់លក្ខខណ្ឌ «បានចាក់វ៉ាក់សាំង ទើបឱ្យចូលធ្វើការងារ»ឡើយ ក្រោយដឹងថាកម្មករ កម្មការិនីរោងចក្រមួយចំនួន សម្រុកទៅសុំលិខិតចាក់វ៉ាក់សាំងពីមេភូមិ ដើម្បីបានទៅចាក់វ៉ាក់សាំង ព្រោះតែពួកគេបារម្ភខ្លាចមិនអាចចូលធ្វើការងារ ដោយមិនបានចាក់វ៉ាក់សាំង ខណៈកន្លែងការងាររបស់ពួកគេបានដាក់លក្ខខណ្ឌឱ្យចាក់វ៉ាក់សាំង ទើបឱ្យចូលធ្វើការ។

ក្នុងខឹមសារនោះសម្តេចតេជោ បានមានប្រសាសន៍ដូច្នេះថា «សូមម្ចាស់រោងចក្រកុំបំភ័យកម្មករទៅលើបញ្ហាវ៉ាក់សាំង។ ពេលនេះមិនមែនជាពេលត្រូវយកវ៉ាក់សាំងមកធ្វើជាសមភាព សមធម៌ ហើយធ្វើជាលក្ខខណ្ឌដោះស្រាយការងារធ្វើទេ រង់ចាំដល់ទីក្រុងភ្នំពេញ និងខេត្តកណ្តាល ឬរង់ចាំដល់ប្រទេសទាំងមូលចាក់វ៉ាក់សាំងហើយ។ អ្នកដែលបដិសេធមិនព្រមចាក់វ៉ាក់សាំង អ្នកនោះ គឺច្បាស់ណាស់ថា អស់ការងារធ្វើ ឬរកការងារធ្វើមិនបាន ដោយសារជឿតាមការឃោសនាអកុសលនៃមនុស្សមួយចំនួន ដែលលើកឡើងថា វ៉ាក់សាំងចាក់ទៅស្លាប់ វ៉ាក់សាំងចាក់ទៅកើតជំងឺនេះ ឬជំងឺនោះ»។

គួរបញ្ជាក់ថា ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើតាមរយៈសារសំឡេងពិសេសមួយ ដែលត្រូវបានចែកចាយនៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១នេះ៕