ការចាប់ផ្ដើមអាជីវកម្មថ្មីមួយ វាមិនមែនចេះតែអាចទៅរួចទាំងអស់នោះទេ ឬអាចនិយាយបានថា បង្កើតអាជីវកម្មគឺស្រួលទេ តែធ្វើឲ្យអាជីវកម្មនោះដំណើរការបានល្អ និងយូរអង្វែងទើបជារឿងពិបាក។ ជាការពិតណាស់ អាជីវកម្មបង្កើតថ្មី ច្រើនតែបរាជ័យនៅជំហានដំបូង។ តើមកពីហេតុអ្វី?

១. អាចមកពីចាប់ផ្ដើមដោយគ្មានការសិក្សា និងគោលការណ៍ត្រឹមត្រូវ ច្បាស់លាស់៖

នៅពេលដែលអ្នកមានគំនិតអ្វីមួយស្ដីពីអាជីវកម្មដែលចង់បង្កើតហើយ អ្នកគួរគប្បីសិក្សាវាបន្ដិចទៀតសិន ថាតើគំនិតនោះពិតជាគំនិតដែលអាចបង្កើតអាជីវកម្មបានពិតមែនឬទេ? ពេលខ្លះអ្នកបរាជ័យដោយសារតែ ផលិតផល ឬសេវា របស់អ្នកមិនមែនជាតម្រូវការរបស់អ្នកប្រើប្រាស់។ បញ្ហានេះអាចបណ្ដាលមកពីការសិក្សាទីផ្សារខុស ផលិតផលគ្មានគុណភាព និងមិនមានការផ្សព្វផ្សាយបានទូលំទូលាយជាដើម។

ចូរកុំប្រើចំណង់របស់អ្នកមកធ្វើការសម្រេចចិត្ត តែត្រូវប្រើគោលការណ៍ និងការវិភាគលំអិតលើទីផ្សារ និងឱកាសក្នុងការចូលក្នុងទីផ្សារ។ ម៉្យាងវិញទៀត ការធ្វើអាជីវកម្មជាលក្ខណៈគ្រួសារ មិនអាចឲ្យអ្នកទៅបានឆ្ងាយនោះទេ អ្នកគួរគប្បីពង្រឹងសក្ដានុពលរបស់អ្នក ដើម្បីក្លាយជាអាជីវកម្មដែលមានស្ដង់ដា។

២. អាចមកពីមានទុនមិនគ្រប់គ្រាន់ និងបោះទុនទាំងបង្ខំ៖

ដើមទុនគឺជារឿងសំខាន់បំផុត។ អ្នកមិនអាចចាប់ផ្ដើមអាជីវកម្មមួយដោយគ្មាន ទុនគំនិត ធនធានមនុស្ស និងប្រាក់វិនិយោគនោះទេ។ ការវិនិយោគដែលល្អ គឺតែងមានទុនបម្រុងដែលអាចឲ្យអាជីវកម្មមួយមានភាពនឹងនរបានយ៉ាងហោចណាស់ក៏៦ខែ ទៅ២៤ខែដែរ។ មួយវិញទៀត ការគិតភ្លាម បោះទុនភ្លែត ឬមើលឃើញគេជោគជ័យក្នុងវិស័យនោះ ចង់ចាប់ផ្ដើមដូចគេដែរ ដោយមិនបានសិក្សាត្រឹមត្រូវ នោះពិបាកនឹងទទួលជោគជ័យណាស់។ សម្រាប់អាជីវកម្មខ្លះ មិនត្រូវប្រើទុនហិញ្ញវត្ថុទេ នៅដំណាក់កាលដំបូង តែត្រូវប្រើទុនគំនិតច្រើនជាង។

៣. អាចមកពីប្រព័ន្ធគ្រប់គ្រងក្រុមហ៊ុនមិនល្អ៖

ប្រសិនបើនៅក្នុងរចនាសម្ព័ន្ធនៅក្នុងក្រុមហ៊ុនមានភាពមិនច្បាស់លាស់ និងរញ៉េរញ៉ៃខ្លាំង នោះអ្នកមិនចាំបាច់ឆ្ងល់នោះទេ ថាហេតុអ្វីបានជាអាជីវកម្មរបស់អ្នកបរាជ័យ?

៤. អាចមកពីកង្វះខាតភាពច្នៃប្រតិដ្ឋ និងអត់ធ្មត់របស់ម្ចាស់អាជីវកម្ម ឬអ្នកដឹកនាំខ្វះសមត្ថភាព៖

ការអត់ធ្មត់ មិនត្រឹមតែធ្វើឲ្យអ្នកសម្រេចបានគោលដៅនោះទេ តែវានឹងអាចធ្វើឲ្យអ្នកសម្រេចបានគោលដៅដែលអស្ចារ្យទៀតផង។ ចាប់ផ្ដើមធ្វើការងាររបស់អ្នកប្រកបដោយថាមពល និងក្ដីសង្ឃឹម នោះអ្វីៗដែលប៉ងប្រាថ្នា នឹងក្លាយជាការពិត។ ម្ចាស់អាជីវកម្មដែលអាចទ្រាំទ្របាននៅចំណុចនេះ គឺជាប្រភេទម្ចាស់អាជីវកម្មដែលបើកអាជីវកម្មតាមក្ដីស្រមៃ ដែលមានន័យថា ទោះបីជាលំបាកយ៉ាងណាក៏នៅតែស៊ូទ្រាំដែរ។

៥. អាចមកពី បុគ្គលិកមិនស្មោះត្រង់ ខ្វះចំណេះដឹង និងខ្វះឆន្ទៈ៖

បុគ្គលិក គឺជាចលករសំខាន់នៅក្នុងការធ្វើឲ្យគោលដៅរបស់ក្រុមហ៊ុនទទួលបាននូវភាពជោគជ័យ។ ប៉ុន្ដែ ការសម្រេចបានលុះត្រាតែមានបុគ្គលិកដែលជាធនធានមនុស្សពិតប្រាកដ។ វាជានាទីរបស់ថ្នាក់ដឹកនាំ ដែលត្រូវជ្រើសរើសមនុស្សដែលពូកែជាងខ្លួនមកធ្វើការឲ្យ៕