G-7សំដៅលើអង្គការអន្ដររដ្ឋាភិបាលមួយនៃក្រុមប្រទេសជឿនលឿនផ្នែកសេដ្ឋកិច្ចចំនួន៧នៅលោកខាងលិច ដែលរួម អង់គ្លេស កាណដា ជប៉ុន បារាំង អាល្លឺម៉ង់ អ៊ីតាលី និង សហរដ្ឋអាមេរិក។ ក្រុមប្រទេសទាំងនោះត្រូវបានដឹងថា ជាសម្ព័ន្ធមិត្តចិត្តមួយថ្លើមមួយនឹងគ្នាភាគច្រើន។ G-7ដែលបានបើកសម័យប្រជុំពិសេសនៅក្រុងឡុងដ៍នៅថ្ងៃទី០៦ឧសភាបានចេញសេចក្ដីថ្លែងការណ៍មួយដែលនិយាយពីបញ្ហាសិទ្ធិមនុស្សដ៏អាក្រក់របស់ចិន និង បញ្ហាពុតត្បុតពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចមកពីអាស៊ីនោះ។
តាមរយៈReutersនៅថ្ងៃទី០៦ ឧសភានេះបានឱ្យដឹងថា កិច្ចប្រជុំ៣ថ្ងៃរបស់G-7គឺ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងនោះ បានសម្រិតសម្រាំងចេញនូវសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំកំពូលទីក្រុងឡុងដ៍ថា ចិនមានពិរុទ្ធពីការរំលោភសិទ្ធិមនុស្សនិងការប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនដើម្បីសម្លុតគំរាមអ្នកដទៃ។

អ្វីដែលពិសេសក្នុងសេចក្ដីថ្លែងការណ៍នោះគឺ ក្រុមប្រទេសG-7 ប្រកាសគាំទ្រដល់ការចូលរួមរបស់កោះតៃវ៉ាន់នៅក្នុងវេទិកាមហាសន្និបាតសុខភាពពិភពលោកព្រមទាំងបារម្ភពីការគំរាមកំហែងរបស់ចិនទៅលើកោះតៃវ៉ាន់។

ដោយឃើញដូចនេះ ចិនបានប្រតិកម្មថ្កោលទោសភ្លាមទៅកាន់អង្គការសេដ្ឋកិច្ចនោះដោយថា ជាការប្រមូលផ្ដុំកម្លាំងគ្នាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនទ្រង់ទ្រាយធំ។

ថ្លែងពីទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនលោកWang Wenbinបានមានវាចាថា សេចក្តីថ្លែងការណ៍របស់ក្រុមប្រទេសលោកខាងលិចនោះគឺជាការធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ជាការជ្រៀតជ្រែកទាំងស្រុងនូវកិច្ចការផ្ទៃក្នុងរបស់ចិន។

លោកបានអំពាវនាវឱ្យ ក្រុម G-7 ចាត់វិធានការជាក់ស្តែងដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកជំនួសឱ្យការបង្អាក់ដំណើរការសេដ្ឋកិច្ចពិភពលោក។

ចំណែកករណីតៃវ៉ាន់ លោកនៅតែបញ្ជាក់ថា កោះតៃវ៉ាន់ជាទឹកដីរបស់ចិន ហើយចិនប្រឆាំងរាល់តំណាងតៃវ៉ាន់ផ្លូវការណាមួយលើឆាកអន្តរជាតិ ខណៈបច្ចុប្បន្ននេះចិនត្រូវបានគេមើលឃើញថាបានបង្កើនសកម្មភាពយោធានៅជិតកោះតៃវ៉ាន់ស្របពេលសង្ស័យតៃវ៉ាន់កំពុងឈានទៅរកការប្រកាសឯករាជ្យផងដែរ។ យ៉ាងណាក៏ដោយសេចក្ដីថ្លែងការណ៍របស់ G-7 ត្រូវបានស្វាគមន៍សម្រាប់ក្រុងតៃប៉ិជាខ្លាំង។ ដោយក្រុងតៃប៉ិមានអំណរចំពោះការលើកឡើងរួមគ្នារបស់អង្គការអន្ដរជាតិមួយដែលបំភ្លឺសំឡេងគាំទ្រតៃវ៉ាន់ជាលើកដំបូងបង្អស់។

ការិយាល័យប្រធានាធិបតីតៃវ៉ាន់បានចេញមុខថ្លែងអំណរគុណដល់ G-7 ភ្លាមៗតែម្ដងហើយតបថា តៃវ៉ាន់នឹងរក្សាភាពជាដៃគូសហប្រតិបត្តិការជាមួយបណ្តាប្រទេសសមាជិក G-7 ឱ្យកាន់តែស៊ីជម្រៅនិងបន្តចូលរួមចំណែកជាកម្លាំងវិជ្ជមានដ៏ធំធេងបំផុតដល់សុខភាពនិងសុខុមាលភាពរបស់ប្រជាជនក៏ដូចជាសន្តិភាពស្ថិរភាពនិងវិបុលភាពនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូល។

រដ្ឋមន្រ្ដីការបរទេសអាមេរិកថ្មីនៃរដ្ឋការលោកបាយដិន នៅក្នុងកិច្ចប្រជុំក្រោយកិច្ចប្រជុំនោះបាមានទស្សនៈប្រាប់ទូរទស្សន៍BBCថា លោកខាងលិចមើលឃើញថាកំណើនសេដ្ឋកិច្ច និង សមត្ថភាពយោធាដ៏អស្ចារ្យរបស់ចិនក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះគឺជាព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយដ៏សំខាន់បំផុតមួយ បន្ទាប់ពីព្រឹត្តិការណ៍ដួលរលំនៃសហភាពសូវៀតឆ្នាំ ១៩៩១៕