ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ រថយន្ដគិលានសង្គ្រោះចំនួន៣៥គ្រឿង ក្នុងចំណោម១០០គ្រឿង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល។ ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងលោក Karimata / Atsushi ទីប្រឹក្សានៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល។

លោកស្រី យក់ សម្បត្ដិ បានថ្លែងថា «ការផ្ដល់ជំនួយជារថយន្តគិលានសង្គ្រោះនេះ គឺចំពេលតែម្ដង ដែលកម្ពុជា កំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ។ ដូច្នេះហើយយើងនឹងប្រើប្រាស់រថយន្ដនេះ ដើម្បីដឹកអ្នកជំងឺពីគ្រប់កន្លែងទាំងអស់ ទៅកាន់មន្ទីរពេទ្យកាន់តែឆាប់រហ័ស»។ ក្នុងជំហានទី១នេះ ក្រសួងបានបែងចែករថយន្ដទាំង ៣៥គ្រឿងនេះ ជូនដល់មន្ទីរសុខាភិបាលទូទាំងរាជធានី-ខេត្ដ។ ក្នុងគម្រោងនេះ ជប៉ុននឹងបន្ដជួយ ៦៥គ្រឿងបន្ថែមទៀត ជាបន្ដបន្ទាប់។

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិសេសដល់ក្រសួងសុខាភិបាល រួមមានទាំងបច្ចេកទេស ថវិកា ឧបករណ៍សម្ភារបរិក្ខារវេជ្ជសាស្ត្រ ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការ រាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា។

គួរបញ្ជាក់ថា រថយន្តគិលានសង្គ្រោះ ចំនួន៣៥គ្រឿង ក្នុងចំណោម ១០០គ្រឿង ដែលជាជំនួយឥតសំណង ស្ថិតក្រោមគម្រោងកម្មវិធីអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គម របស់ប្រទេសជប៉ុន ជូនក្រសួងសុខាភិបាលនេះ គឺសម្រាប់ការងារទប់ស្កាត់ការរាលដាលនៃជំងឺ កូវីដ-១៩ នៅកម្ពុជា៕