អន្ដរជាតិ៖ មានរឿងដែលមិនគួរឲ្យជឿមួយបានកើតឡើង បន្ទាប់ពីស្រ្ដីជនជាតិម៉ាលី អាយុ២៥ឆ្នាំម្នាក់ បានផ្ដល់កំណើតដល់កូនភ្លោះចំនួន៩នាក់ ដោយសុវត្ថិភាព នៅក្នុងមន្ទីរពេទ្យមួយស្ថិតក្នុងប្រទេសម៉ារ៉ុក។ វាត្រូវបានគ្រប់គ្នាមើលឃើញថាជាកំណត់ត្រាដែលមិនធ្លាប់មានក្នុងប្រវិត្តសាស្រ្ដពិភពលោក។ នេះបើដកស្រង់តាមការចេញផ្សាយរបស់ BBC ។

ស្រ្ដីខាងលើមានឈ្មោះ Hamila Cisse ត្រូវបានរដ្ឋាភិបាលប្រទេសម៉ាលីបញ្ជូននាងទៅកាន់មន្ទីរពេទ្យមួយក្នុងប្រទេសម៉ារ៉ុក ដើម្បីទទួលបានការថែទាំពិសេសកាលពីខែមេសា កន្លងទៅ។ អ្វីដែលកាន់តែធ្វើឲ្យក្រុមគ្រូពេទ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំងនោះគឺ អំឡុងពេលពិនិត្យនៅក្នុងប្រទេសម៉ាលីគឺឃើញមានតែទារក៧នាក់ប៉ុណ្ណោះរបស់នាង ប៉ុន្ដែក្រោយការវះកាត់ដោយជោគជ័យពីក្រុមគ្រូពេទ្យម៉ារ៉ុក គឺមានទារកដល់ទៅ៩នាក់ ដោយក្នុងនោះមានស្រី៥នាក់ និងប្រុស៤នាក់។ បច្ចុប្បន្នម្ដាយ និងកូន៩នាក់ខាងលើ កំពុងសំរាកតាមដានសុខភាពបន្តទៀតនៅប្រទេសម៉ារ៉ុក។

គួបញ្ជាក់ថា កំណត់ត្រាពិភពលោកក្នុងសៀវភៅ Guinness Word Record ក្នុងនាមជាម្ដាយដែលផ្ដល់កំណើតកូនភ្លោះច្រើនបំផុតលើលោក កំពុងកាន់កាប់ដោយលោកស្រី Nadya Suleman ជនជាតិអាមេរិក ដែលបានផ្ដល់កំណើតកូនភ្លោះ៨នាក់ កាលពីឆ្នាំ២០០៩៕