អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ក្មេងស្រីម្នាក់បានបើកការបាញ់ប្រហារនៅឯសាលារៀនមួយនៅរដ្ឋ IDAHO ភាគពាយ័ព្យនៃសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ ដែលបណ្ដាលឲ្យមនុស្ស០៣នាក់រងរបួស មុនពេលត្រូវបានដកហូតអាវុធដោយគ្រូបង្រៀនម្នាក់។ សាក្សីដែលសូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថាក្មេងស្រីដែលដកកាំភ្លើងបាញ់ឲ្យផ្អើលពេញសាលាទំនងជារៀនថ្នាក់ទី៦ និងមានអាយុប្រហែល១១ រឺ១២ឆ្នាំ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា «នាងបានដកកាំភ្លើងខ្លីចេញពីកាតាបរបស់នាង និងបានបាញ់ជាច្រើនគ្រាប់នៅខាងក្នុង និងក្រៅសាលារៀន។ អ្នករងរបួសគឺជាកូនសិស្ស ០២នាក់ និងបុគ្គលិកម្នាក់ ប៉ុន្តែពួកគេទំនងជាងមិនមាន គ្រោះថ្នាក់ដល់ជីវិតនោះឡើយ»។

សូមបញ្ជាក់ថា «ក្នុងអំឡុងពេលនៃការបាញ់ប្រហារ គ្រូបង្រៀនម្នាក់បានព្យាយាមដកហូតអាវុធ ចេញពីកូនសិស្សម្នាក់នោះ ហើយបានឃាត់ខ្លួននាងជាបណ្តោះអាសន្ន ដើម្បីរង់ចាំសមត្ថកិច្ចចុះមកអន្តរាគមន៍» ករណីប្រើប្រាស់អាវុធ ដោយក្មេងមិនទាន់គ្រប់អាយុនេះ កំពុងត្រូវបានស៊ើបអង្កេតដោយ ទីភ្នាក់ងារ FBI ក៏ដូចជាអាជ្ញាធរអនុវត្តច្បាប់ក្នុងតំបន់៕