ព្រះសីហនុ៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជាដែលស្បៀងអាហារ ៣៦.០០០ឈុត ដល់ខេត្តព្រះសីហនុ ដើម្បីចែកអ្នកដែលមានជីវភាពខ្វះខាត ក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម។

នៅក្នុងលិខិតថ្លែងអំណរគុណដែលចេញដោយរដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ និងក្នុងនាមខ្ញុំបាទផ្ទាល់ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណ និងសម្តែងនូវស្វាមីភក្តិយ៉ាងស្មោះស្ម័គ្រ គោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់នូវស្បៀងអាហារចំនួន ៣៦.០០០ឈុត មករដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង“ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”»។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ បានចាត់ទុកថា ការផ្តល់នូវស្បៀងអាហាររបស់សម្តេចតេជោ នាពេលនេះ គឺជាកាយវិការប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុត ដែលតែងតែយកចិត្តទុកដាក់អាណិតអាសូរប្រកបដោយក្តីស្រលាញ់យ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿសាសនា ដោយមិនទុកឱ្យប្រជាពលរដ្ឋកម្ពុជាណាម្នាក់ត្រូវស្លាប់ដោយអត់បាយ ដោយគ្មានការយកចិត្តទុកដាក់ រងទុក្ខវេទនា និងភ័យខ្លាចនោះឡើយ៕