ភ្នំពេញ៖ ពលរដ្ឋរស់នៅក្នុងតំបន់ក្រហម នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ប្រមាណជាង៧ម៉ឺននាក់ បានចាក់ផ្តើមទទួលវ៉ាក់សាំងការជំងឺកូវីដ១៩ ដូសទី១ ចាប់ពីថ្ងៃទី៧ ខែឧសភា តទៅដើម្បីបង្កើនភាពស៊ាំប្រឆាំងនឹងជំងឺកូវីដ១៩ នេះបើតាមការឲ្យដឹងពីនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ក្នុងគណៈកម្មការប្រតិបត្តិនេះ ជាពិសេសខ្ញុំ បញ្ជាប្រតិបត្តិក្នុងយុទ្ធនាការនេះ ខ្ញុំបានចុះគ្រប់កន្លែង ឧទាហរណ៍នកន្លែងនេះ ទើបចាប់ផ្តើមដំបូង គឺមួយទីតាំង ដើម្បីឱ្យសមតុល្យគ្នាយើងនឹងបង្កើនទីតាំងចាក់បន្ថែម អញ្ចឹងស្អែកខ្ញុំនឹងបង្កើនថែមយោធភូមិ៣ ឱ្យចូលរួមរៀបចំចាក់មួយទីតាំង បញ្ជាដ្ឋានកងកម្លាំងធំមួយទីតាំង ព្រោះនៅតំបន់ក្រហមនេះ យើងត្រូវចាក់ឱ្យរហ័ស ឱ្យលឿន បរិមានប្រជាពលរដ្ឋនៅតំបន់នេះ មានរហូតទៅជាង ៧ម៉ឺននាក់ ដូច្នេះយើងត្រូវរៀបចំបង្កើនកម្លាំង»។

ប្រសិននៅក្នុងករណីអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណជាង ៧ម៉ឺននាក់ រស់នៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ មិនសមតុល្យជាមួយនឹងចំនួនប្រជាពលរដ្ឋក្នុងនាមជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំងនឹងបន្ថែមកម្លាំងកងទ័ពបន្ថែមទៀត ដើម្បីឱ្យដំណើរការចាក់ជូនមានភាពរលូនទៅមុខស្របតាមការកំណត់ជាដើម។
ឆ្លៀតក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ជូនថា ការចាក់នេះ គឺចាក់ជូនប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។

ប្រជាពលរដ្ឋដែលត្រូវទៅចាក់វ៉ាក់សាំង តម្រូវឱ្យបំពេញកម្រងព័ត៌មានអត្តសញ្ញាណនៅតាមលំនៅឋានជាមុន ហើយពេលទៅចាក់ត្រូវយកភ្ជាប់ទៅជាមួយឯកសារបញ្ជាក់អត្តសញ្ញាណ ដូចជាអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន ឬសំបុត្រកំណើត ប្រសិនបើគ្មានលិខិតបញ្ជាក់អ្វីទាំងអស់ សូមត្រឹមតែមេភូមិដឹកដៃជូនគាត់មកក៏បាន ដូច្នេះ សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងគឺមិនរើសមនុស្សនោះទេទោះបុគ្គលនោះជាជនអនាថា ក៏ដោយ៕