តាំងពីសម័យហ្វូណន រហូតដល់បច្ចុប្បន្នគេសង្កេតឃើញការរំលាយសពមានការវិវត្តន៍ដូចតទៅ៖
១. ក្នុងសម័យហ្វូណនក្នុងករណីកាន់ទុក្ខគេកោសក់ នឹងកោពុកមាត់ ។ឯពិធីរំលាយសពមាន៤យ៉ាងគឺ ៖
– បោះសពចូលក្នុងទន្លេ
– បូជាដោយភ្លើង
– យកសពទៅកប់
– យកសពទៅចោលក្នុងព្រៃអោយសត្វសុី ។ ករណីបូជាគេរើសធាតុដាក់ក្នុងកោដិបិតជិត ហើយបោះចូលក្នុងទន្លេ ព្រះមហាក្សត្រប្រើកោដិមាស មន្ត្រីប្រើកោដិប្រាក់ រាស្ត្រប្រើកោដិដី ។
២. សម័យចេនឡាដើម្បីកាន់មរណទុក្ខ កូនចៅសពនាំគ្នាកោសក់ យំស្រែកយ៉ាងខ្លាំងរយះពេល៧ថ្ងៃ។ គេយកសពទៅបូជាហើយធាតុដាក់ក្នុងកោដិដី ហើយលាបពណ៍ផ្សេងៗ តែគ្រួសារខ្លះយកសពទៅចោលក្នុងព្រៃអោយសត្វសុីជាការស្រេច ។
៣. សម័យអង្គរ គេប្រើកន្ទេលក្រាលសព និងក្រណាត់គ្របយកចោលក្នុងព្រៃអោយសត្វសុី ។ មានការបូជាខ្លះតែមិនស្លៀកសកាន់ទុក្ខទេ គ្រាន់តែប្រុស កោពុកមាត់ ស្រីកាត់សក់តែប៉ុណ្ណោះ ។
៤. សម័យបច្ចុប្បន្នគេនិយមបូជាភាគច្រើន ។ តែពេលខ្លះគេនិយមយកសពទៅកប់មួយរយៈ ហើយគាស់ធាតុយកមកដាក់ក្នុងកោដិ យកទៅផ្ទះ ឬដាក់ក្នុងចេតិយ ។