អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៦,៩៤៩នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣១៥នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

សូមជម្រាបជូនថា ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៥៦១,៤០៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦២០,៦៤៥នាក់ និងជាសះស្បើយឡើងសរុបជាង ២៩លាននាក់។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកកំពុងតែប្រឈមមុខ ទៅនឹងការឆ្លងរាតត្បាតវីរុស COVID-19 បម្លែងថ្មី Delta ដែលកំពុងបង្កការព្រួយបារម្ភខ្លាំងនៅតាមរដ្ឋខ្លះ ដែលមានចំនួនប្រជាជនទទួលបានការចាក់វ៉ាក់សាំង នៅក្នុងកម្រិតទាបនៅឡើយ។ ហេតុដូច្នេះអាជ្ញាធរអាមេរិក បាននិងកំពុងជំរុញឲ្យប្រជាជននៅតាមបណ្តារដ្ឋទាំងនោះ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ប្រញាប់ទៅទទួលការចាក់វ៉ាក់សាំង៕