អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian បានឲ្យដឹងថា អ្នកជំនាញជំងឺឆ្លង នៃប្រទេសអូស្ត្រាលី បាននិយាយពេលថ្មីៗនេះថា ពេលនេះអ្វីដែលយើងគួរឲ្យព្រួយបារម្ភ គឺវីរុសបំប្លែងខ្លួនថ្មី ប្រភេទ Delta ឬ (B.1.617.2) ដែលផ្តោតកាន់តែខ្លាំង ទៅលើការឆ្លងតាមខ្យល់ វាអាចចម្លងងាយ និងអាចឆ្លងលឿន ប្រមាណពី១០ ទៅ១៥វិនាទី ប៉ុណ្ណោះ ដូច្នេះចាំបាច់ត្រូវតែមានវិធានការ ដើម្បីគ្រប់គ្រងការរីករាលដាល នៃវីរុសបំប្លែងថ្មី។

ប្រធានផ្នែកសុខភាពរបស់រដ្ឋឃ្វីនឡែន គឺលោកស្រីវេជ្ជបណ្ឌិត Jeannette Young បានប្រកាសកាលពីថ្ងៃពុធ ទី៣០ មិថុនានេះ រដ្ឋនឹងបិទព្រំដែនរបស់ខ្លួន ព្រោះថា វីរុសបំប្លែងថ្មី ពូជ Delta យើងកំពុងមើលឃើញនូវការឆ្លងយ៉ាងលឿន ។ ដំបូងឡើយ ការរាតត្បាតនៃវីរុសប្រភេទថ្មីនេះ លោកស្រីវេជ្ជបណ្ឌិត គិតថា ប្រហែល ១៥នាទី ដែលមានទំនាក់ទំនងជិតស្និទ្ធគ្នា ទើបវាឆ្លង ប៉ុន្តែឥឡូវនេះ ពិតជាព្រួយបារម្ភណាស់ តាមលទ្ធផលបង្ហាញថា វាឆ្លងពី៥ ទៅ១០វិនាទី គ្រាន់តែដើរឆ្លងផ្លូវ កាត់មុខគ្នាប៉ុណ្ណោះ ហានិភ័យគឺខ្ពស់ជាងកាលពីមួយឆ្នាំមុន នេះគឺជាក្តីកង្វល់ថ្មីមួយទៀត ។

គួរបញ្ជាក់ថា តាមប្រភព ការសិក្សារបស់មន្ទីរពិសោធន៍ បានរកឃើញថា ភាគល្អិតនៃវីរុស Delta អាចរស់នៅ ក្នុងទម្រង់អណ្តែតលើបរិយាកាស ឬធ្វើដំណើរឆ្ងាយជាងមួយម៉ែត្រ រហូតដល់ ១៦ម៉ោង ។ សក្តានុពលភាគល្អិតនៃវីរុសបំប្លែងថ្មី ដែលមាននៅក្នុងខ្យល់នេះហើយ ត្រូវបានឆ្លងលឿន នៅពេលនរណាម្នាក់ដែលឆ្លងកាត់ និងដកដង្ហើម នៅតំបន់ដែលអ្នកផ្ទុកវីរុសបំប្លែងខ្លួន Delta បានដកដង្ហើមចេញ ឫកណ្ដាស់ ឫក្អក ៕