រហូតមកទល់ពេលនេះចំនួនអ្នកស្លាប់ ដោយសារការបាក់រលំអគារខុនដូកម្ពស់ ១២ជាន់ នៅតំបន់មៃអាមី-ដេដ (Miami-Dade County) រដ្ឋផ្ល័ររីដា ភាគខាងត្បូងសហរដ្ឋអាមេរិក បានកើនឡើងដល់ ១៨នាក់ហើយ ខណៈ១៤៧នាក់នៅបន្តបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១។

អាជ្ញាធរអារិកបានឱ្យដឹងថា អ្នកស្លាប់ ០២នាក់ក្នុងចំណោម ១៨នាក់ខាងលើ គឺកុមារដែលមានអាយុ ០៤ឆ្នាំ និង ១០ឆ្នាំ។ ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ មានការអស់សង្ឃឹមយ៉ាងខ្លាំង ចំពោះដំណឹងមួយនេះ និងមានការព្រួយបារម្ភកាន់តែខ្លាំងផងដែរ ចំពោះការធ្លាក់ចុះនៃកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ គ្មាននរណាម្នាក់ ត្រូវបានទាញចេញពីគំនរបាក់បែកនោះ ដោយនៅរស់រានមានជីវិតទេ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន នៅពេលផ្នែកនៃអគារកម្ពស់ ១២ជាន់នោះបានបាត់ស្រុត។

គួរបញ្ជាក់ថា មិនទាន់មានការរកឃើញមូលហេតុពិតប្រាកដ ដែលបាននាំឲ្យកើតមានសោកនាដកម្ម រលំអគារខាងលើនេះទេ ប៉ុន្តែបើតាមរបាយការណ៍ថ្មីមួយ ទើបត្រូវបានទម្លាយឲ្យដឹងថា កាលពីឆ្នាំ២០១៨វិស្វករមួយក្រុម បានធ្វើការត្រួតពិនិត្យ លើគុណភាពសំណង់អគារខុនដូមួយនេះ និងបានបង្ហាញការព្រួយបារម្ភ ចំពោះការប្រេះស្រាំផ្នែកខ្លះ ហើយក៏ធ្លាប់បានណែនាំឲ្យមាន ការជួសជុលឡើងវិញផងដែរ៕