អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថាប្រទេសម៉ាឡេស៊ីនិងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួនចេញពីតំបន់ភាគខាងជើង និងភាគខាងលិចនៃប្រទេសឥណ្ឌា ស្របពេលដែលមានការកើនឡើងយ៉ាងកំហុគនៃករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយក្រសួងការបរទេសម៉ាឡេស៊ីបានឲ្យដឹងថា «យន្ដហោះពិសេស នឹងធ្វើដំណើរទៅកាន់ទីក្រុងញូវដេលី និងទីក្រុងមុមបៃ នៃប្រទេសឥណ្ឌា នៅពេលដែលរាល់ការរៀបចំដែលពាក់ព័ន្ធ រួមមានទាំងការយល់ព្រមពីរដ្ឋាភិបាលឥណ្ឌាសម្រាប់ការហោះហើរពិសេសផងដែរ»។

សូមបញ្ជាក់បន្ថែមថា ការសម្រេចចិត្តធ្វើមាតុភូមិនិវត្តន៍ជនជាតិម៉ាឡេស៊ី ត្រូវបានធ្វើឡើងរួមគ្នាជាមួយទីភ្នាក់ងារពាក់ព័ន្ធទាំងអស់ ដោយពិចារណាលើការសង្កេត និងវិភាគដែលធ្វើឡើងដោយក្រុមបេសកកម្មម៉ាឡេស៊ីនៅប្រទេសឥណ្ឌា៕