អន្ដរជាតិ៖ បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CAN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១ អង្គការអន្ដរជាតិសរុបជាង ២០០បានធ្វើការអំពាវនាវឲ្យ ក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិ (UNSC) ដាក់ទណ្ឌកម្មផ្នែកសព្វាវុធទៅលើប្រទេសមីយ៉ា់ន់ម៉ា ព្រោះវាដល់ហើយដែលសេចក្ដីថ្លែងការនានាត្រូវតែដាក់ចេញ និងអនុវត្ត ដើម្បីការពារក្រុមបាតុករ និងអ្នកប្រឆាំងរបបដឹកនាំយោធាមីយ៉ាន់ម៉ាដោយសន្ដិវិធី។

ប្រភពព័ត៌មានបានឲ្យដឹងថា លទ្ធផលក្រោយការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល និងការបង្រ្កាបដោយហិង្សាពីសំណាក់កងកម្លាំងសន្ដិសុខនៅមីយ៉ាន់ម៉ា ដោយគិតចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ រហូតដល់ដើមខែឧសភា ឆ្នាំ២០២១នេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៦៩នាក់ ក្នុងនោះមាន៥១នាក់ជាកុមារ និងមនុស្សរាប់ពាន់នាក់ទៀតបានរងរបួស ព្រមទាំងត្រូវបានចាប់ខ្លួន។

សូមជម្រាបជូនថា ក្រុមអង្គការក្រៅរដ្ឋាភិបាលខាងលើ បានបញ្ជាក់ថា ថា «មិនគួរមានរដ្ឋាភិបាលប្រទេសណាមួយ លក់គ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់ ទៅដល់យោធា (មីយ៉ាន់ម៉ា) នៅក្នុងកាលៈទេសៈបែបនេះឡើយ។ ការហាមឃាត់លក់សព្វាវុធជាសកលមួយ ទៅដល់ប្រទេសមីយ៉ាន់ម៉ា គឺជាជំហានដ៏ចាំបាច់ដែលក្រុមប្រឹក្សាសន្តិសុខ UN គួរតែធ្វើ ដើម្បីឆ្លើយតបទៅនឹងអំពើហិង្សា ដែលបាននិងកំពុងបង្កឡើងដោយយោធា (មីយ៉ាន់ម៉ា)»៕