បន្ទាយមានជ័យ៖ នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ មានបាតុភូតធម្មជាតិ ភ្លៀងលាយឡំជាមួយខ្យល់កន្រ្ដាក់ បានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១៧៣ខ្នង ឲ្យរងគ្រោះបែកបាក់ និងរលំស្ទើររាបដល់ដី នៅក្នុងស្រុកព្រះនេត្រព្រះ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី០៥ ម្សិលមិញមានភ្លៀង១មេធំ អមទៅដោយខ្យល់កន្រ្ដាក់មួយបានវាយបោកបក់មកចំលើផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យខូចខាតផ្ទះចំនួន៧៥ខ្នង នៅក្រុងប៉ោយប៉ែត លើ៤សង្កាត់រួមមានសង្កាត់មិនិត្តខូចខាតផ្ទះប្រជាពលរដ្ឋ៣៤ខ្នង, សង្កាត់ផ្សារកណ្តាលខូចខាតផ្ទះប្រជាពលរដ្ឋ ២៣ខ្នង, សង្កាត់ប៉ោយប៉ែតខូចខាងផ្ទះប្រជាពលរដ្ឋ១៦ខ្នង និងផ្សារមង្គលប៉ោយប៉ែត១ខ្នង ក្នុងនោះមានផ្ទះប្រជាពលរដ្ឋខូចខាតធ្ងន់ មធ្យម និងបន្តិចបន្តួច។ ចំណែកស្រុកព្រះនេត្រព្រះ មានផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់មានចំនួន៩៨ខ្នង ក្នុង៥ភូមិរួមមានភូមិត្របែក ៣០ខ្នង របើកស័ង្កសី ៤៧២សន្លឹក, ភូមិកណ្តាលអស់ផ្ទះប្រជាពលរដ្ឋ២០ខ្នង របើកស័ង្កសីអស់២២៩សន្លឹក, ភូមិគោកធំអស់ផ្ទះប្រជាពលរដ្ឋ៣៥ខ្នង របើកស័ង្កសី ៥៦៥សន្លឹក, ភូមិសូត្រមន្ត អស់ផ្ទះប្រជាពលរដ្ឋរបើកស័ង្កសី១៦សន្លឹក និងភូមិបុស្បូវ ផ្ទះប្រជាពលរដ្ឋ៧ខ្នង របើកស័ង្កសី២១១សន្លឹក នាល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។

សូមបញ្ជាក់ថា ក្រោយពេលកើតហេតុលោកអភិបាលក្រុងប៉ោយប៉ែត និងលោកអភិបាលស្រុកព្រះនេត្រព្រះ រួមទាំងក្រុមការងារបានចុះទៅដល់មូលដ្ឋានប្រជាពលរដ្ឋរងគ្រោះ ដើម្បីជួយសង្រ្គោះ និងរៀបចំកន្លែងស្នាក់នៅឡើងវិញ ឲ្យប្រជាពលរដ្ឋរស់នៅបណ្ដោះអាសន្ន៕