ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់អំពីវិធានការចំនួន៣ចំណុចសំខាន់ៗ ដែលត្រូវយកទៅប្រើក្នុង «ក្នុងតំបន់ក្រហម» ក្នុងភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់នាពេលកន្លងទៅ សំដៅកាត់ផ្ដាច់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។
វិធានការបិទខ្ទប់ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកមកប្រើប្រាស់ដើម្បីគ្រប់គ្រងការឆ្លងរីកដាលរាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ វិធានការបិទខ្ទប់នេះ បានដាក់ចេញជំហ៊ានដំបូងក្នុងរយៈពេល២សប្ដាហ៍ ក្រោយមកបានបន្ដមួយសប្ដាហ៍ទៀត ប៉ុន្ដែមានការបែងចែកជា៣តំបន់ ក្នុងនោះមាន «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង»។

ការកំណត់ភូមិសាស្ដ្រតំបន់ត្រូវឈរលើគោលការណ៍ចំនួន៣ រួមមាន៖ ទី១៖ ចំនួនអ្នកវិជ្ជមាន និងចំនួនអ្នកយកសំណាកនៅក្នុងភូមិសង្កាត់ទាំងអស់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ, ទី២៖ កំណត់កត្តាភូមិសាស្ដ្រ ស្ថានភាពប្រជាពលរដ្ឋរស់នៅ និងទី៣៖ ការយល់ដឹង និងឥរិយាបថនៃការចូលរបស់ប្រជាពលរដ្ឋ។ នេះបើតាមអ្វីដែលលោក មាន ចាន់យ៉ាដា បានគូសបញ្ជាក់។
លោក មាន ចាន់យ៉ាដា បានមានប្រសាសថា បន្ទាប់ពីបានកំណត់ច្បាស់អំពី «តំបន់ក្រហម» «តំបន់លឿងទុំ» និង«តំបន់លឿង» រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់វិធានការ៣ជាចំបង រួមមាន ទី១៖ វិធានការរដ្ឋបាល, ទី២៖ វិធានការសុខាភិបាល និងទី៣៖ វិធានការគាំពារសង្គម។ វិធានការនេះ ត្រូវបានយកទៅប្រើប្រាស់យ៉ាងម៉ឺងម៉ាត់ក្នុង «តំបន់ក្រហម»។

លោកបានពន្យល់ថា វិធានការរដ្ឋបាលដែលអនុវត្តនៅតំបន់ក្រហម គឺដើម្បីកំណត់គោលដៅបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញពីផ្ទះ ឬធ្វើដំណើរចេញនោះឡើយ លើកលែងករណីមួយចំនួនប៉ុណ្ណោះ។ ទន្ទឹមនឹងការបិទខ្ទប់នេះ អាជ្ញាធរក៏បានប្រើប្រាស់កម្លាំងល្បាត ដើម្បីណែនាំប្រជាពលរដ្ឋកុំឲ្យចេញក្រៅផ្ទះ បើទោះបីលំបាកប៉ុន្ដែក្រោយមកសង្កេតឃើញថា ប្រជាពលរដ្ឋច្រើនបានចូលរួម។

ព្រមពេលជាមួយការបិទខ្ទប់នេះ ក្រសួងសុខាភិបាល ដោយមានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ TYDA បានបើកយុទ្ធនាការយកសំណាកលើមុខសញ្ញា ដែលពាក់ព័ន្ធផ្ទាល់ជាមួយអ្នកវិជ្ជមាន, អ្នកដែលមានរោគសញ្ញា និងប្រជាពលរដ្ឋដែលរស់នៅតំបន់វិជ្ជមានជំងឺកូវីដច្រើន។

ដោយឡែក សម្រាប់វិធានការគាំពារសង្គមវិញ គឺរាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ បានសម្រុកនាំយកស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋ ពិសេសអ្នកដែលមានជីវភាពខ្វះខាត រស់នៅតំបន់ក្រហមតែម្ដង ព្រោះពួកគាត់មិនអាចចេញក្រៅផ្ទះបាននោះទេ។ បើទោះបីតំបន់ខ្លះយឺតយ៉ាវ ប៉ុន្ដែប្រជាពលរដ្ឋជាច្រើនបានទទួលនូវស្បៀងអាហារទាំងអស់នេះ។
លោកក៏បានបញ្ជាក់អំពីមូលហេតុដែលតែងត្រូវបានគេលើកឡើងថា ហេតុអ្វីបានជាបិទខ្ទប់ហើយនៅតែមានអ្នកឆ្លងច្រើនផងដែរថា ចំនួនអ្នកដែលឆ្លងរាល់ថ្ងៃនេះ គឺសុទ្ធតែចេញពីតំបន់ក្រហម ហើយក៏ជាចំនួនដែលអាជ្ញាធរអាចគ្រប់គ្រងបាន មិនឲ្យមានការឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងនោះទេ៕