ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ អធិការដ្ឋាន នាយកដ្ឋានព័ត៌មានវិទ្យាបានណែនាំពីធី៩យ៉ាងដែលអាចការពារគណនី Facebook របស់អ្នកពីការលួចចូលប្រើប្រាស់ពីសំណាក់ជនអនាមិក ។ វីធីសាស្រ្តទាំងនោះរួមមាន ៖

១. ពិនិត្យមើលនៅត្រង់ចំនុច “Where You’re Logged In” ដើម្បីផ្ទៀងផ្ទាត់ទីតាំងឧបករណ៍កំពុងប្រើប្រាស់គណនី Facebook របស់អ្នក។
២. បើកដំណើរការមុខងារសុវត្ថិភាព “Two-Factor Authentication” ដើម្បីផ្ទៀងផ្ទាត់លេខសម្ងាត់ PIN បន្ថែមលើ Password ដែលអ្នកកំពុងប្រើ នៅពេល Login ពីឧបករណ៍ថ្មីណាមួយ។ លេខសម្ងាត់ PIN របស់មុខងារ “Two-Factor Authentication” អាចភ្ជាប់ជាមួយ Token Key ឬ Authentication App របស់ Google ឬលេខទូរស័ព្ទ។
៣. ប្រើប្រាស់លេខសម្ងាត់ ដែលមានតួរអក្សរ (អក្សរតូច ធំ) លេខ និងនិមិត្តសញ្ញា លើសពី ៨ ខ្ទង់។

៤. បើកមុខងារ “Get alerts about unrecognized logins” ដើម្បីទទួលបានការជូនដំណឹងសុវត្ថិភាពនៅពេលមានការព្យាយាម Login ចូលប្រើប្រាស់គណនី Facebook របស់អ្នក។
៥. ធ្វើការត្រួតពិនិត្យលើមុខងារ “Authorized Logins” ដើម្បីពិនិត្យឧបករណ៍ដែលបាន Login ចូលគណនី Facebook របស់អ្នក និងធ្វើការ Remove ប្រសិនបើគិតថាមិនមែនជាអ្នក (សូមមេត្តាអនុវត្តចំនុចទី២ និងទី៣)។
៦. ប្រេីប្រាស់ឈ្មោះពិត ដូចទៅនឹង Passport ឬអត្តសញ្ញាណប័ណ្ណ ដើម្បីងាយស្រួលក្នុងការទាញយកគណនី Facebook មកវិញ ក្នុងករណីត្រូវបានលួចយកទៅប្រើប្រាស់ដោយជនអនាមិក។

៧. រក្សាការសម្ងាត់ នៃលេខទូរស័ព្ទ និងគណនីអុីម៉ែល ដែលបានតភ្ជាប់ជាមួយគណនី Facebook របស់អ្នក ដោយប្រើប្រាស់មុខងារ “Who should see this?” ហើយជ្រើសរើស យក “Only me” នៅត្រង់មុខងារ “How People Find and Contact You”។
៨. សូមធ្វើការត្រួតពិនិត្យ ឬពិចារណាមុនពេលចុចលើតំណរភ្ជាប់ (Link) ដែលគ្មានប្រភពច្បាស់លាស់ ។
៩. សូមមេត្តាប្រុងប្រយ័ត្ន និងគួរជៀសវាងការប្រើប្រាស់គណនី Facebook របស់អ្នក ភ្ជាប់ជាមួយកម្មវិធីផ្សេងៗ (ឧទាហរណ៍៖ កម្មវិធីទស្សន៍ទាយ កម្មវិធីហ្គេម ។ល។) ដែលគ្មានប្រភពច្បាស់លាស់។