បាត់ដំបង៖ ចាប់បានមេក្លោងគ្រឿងញៀន២នាក់ ដកហូតគ្រឿងញៀនជាង៣គីឡូ នៅភូមិទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

យោងតាមស្នងការខេត្តបាត់ដំបងបានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចក្រុមទី៤ ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន, កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿង១ករណីនេះ ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន៖
-ទី១៖ ឈ្មោះ ឡេង សម្បត្តិ អាយុ៣៧ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង
-ទី២៖ ឈ្មោះ គយ រដ្ឋា ហៅ ពយ អាយុ៣១ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០៣កញ្ចប់ មានទម្ងន់ ២៩៨៩,៣៤ ក្រាម (ថ្នាំសុទ្ធ), ថ្នាំញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ា WY ចំនួន ១០០៦ក្រាម មានទម្ងន់ ៨៧,៣២ក្រាម, ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី MDMA ចំនួន ១៤៩គ្រាប់ មានទម្ងន់ ៥១,៦២ក្រាម,ថ្នាំញៀនប្រភេទកេតាមីន KETTAMIN ចំនួន២០ គ្រាប់មានទម្ងន់ ៣,៩២ក្រាម,រថយន្តចំនួន ០១គ្រឿង ម៉ាកបាឡែន ពណ៌ស្ករ សេរីឆ្នាំ២០០២ពាក់ស្លាកលេខបាត់ដំបង 2A- 8837។

សូមជម្រាបជូនថាបច្ចុប្បន្នសមត្ថកិច្ចនគរបាលជំនាញ បានធ្វើការស្រាវជ្រាវ និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់វិធានការតាមនីតិវិធី៕