ភ្នំពេញ៖ សមត្ថកិច្ចចុះបង្ក្រាបកន្លែងស្តុកទុកខោទឹកនោម «Unidry» ក្លែងក្លាយចំនួនមួយកន្លែង និងរឹបអូសយកខោទឹកនោមក្លែងក្លាយចំនួន៥៧៩កេស។ ករណីចុះបង្រាបនេះធ្វើឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅផ្ទះល្វែង ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា សមត្ថកិច្ចបានចុះឃាត់ខ្លួនឈ្មោះ ឆ ឡៃហ៊ុយ ដែលជាម្ចាស់ផលិតផលក្លែងបន្លំម៉ាក ដែលមានទីតាំងស្តុកឥវ៉ាន់ខាងលើ និងមានអសយដ្ឋានបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៤១E0 ផ្លូវ១៩៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករាផងដែរ ប៉ុន្តែពុំបានជួបសាមីខ្លួនផ្ទាល់នៅពេលនោះទេ។

លុះដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ឆ ឡៃហ៊ុយ បានចូលខ្លួនជួបសមត្ថកិច្ច ហើយបានឆ្លើយសារភាពថា ខ្លួនបានផ្សំគំនិតទិញទំនិញនេះ ពីឈ្មោះ ទិត្យ ពីរ៉េវ ភេទប្រុស ដែលមានអស័យដ្ឋាននៅភូមិវាល ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាជនទាក់ទងយកខោទឹកនោមនេះពីប្រទេសចិន។

ប្រភពដដែលបានបន្តទៀតថា រហូតមកដល់ថ្ងៃទី០៦ ខែឧសភា ជនសង្ស័យក្លែងបន្លំផលិតផលនាំឱ្យប៉ះពាល់ដល់សុខភាពក្មេងទាំងពីរនាក់នេះ មិនទាន់មានចំណាត់ការផ្លូវច្បាប់ណាមួយនៅឡើយទេ។

គួរបញ្ជាក់ថា ជនសង្ស័យត្រូវបានកម្លាំងកំពុងធ្វើការឃាត់ខ្លួន និងបញ្ជូនសំណុំរឿងឱ្យតុលាការ ដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់៕