ខេត្តប៉ៃលិន៖ ប្រធានការិយាល័យលំនៅឋាននៃមន្ទីររៀបចំដែនដីម្នាក់បានទទួលមរណភាពដោយសារដាច់សរសៃឈាមក្នុងខួរក្បាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សោភ័ណ បញ្ញា ភេទប្រុស អាយុ៤៨ឆ្នាំ ជាប្រធានការិយាល័យលំនៅឋាន មានប្រពន្ធ ឈ្មោះ សុខ ចិន្តា មានស្រុកកំណើតនៅខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះមានសភាពមិនស្រួលដោយឈឺក្បាល ងងឹតមុខ និងវិលមុខ ក៏ចូលទៅសម្រាកនៅក្នុងផ្ទះរបស់ខ្លួនបាត់ទៅ ក្រោយមកដោយសារតែសំពាធឈាមឡើងខ្ពស់ខ្លាំង ក៏បុកឡើងបណ្តាលឱ្យដួលសន្លប់នៅលើគ្រែតែម្តង។ ហើយគ្រួសារក៏បានជូនទៅកាន់មន្ទីរពេទ្យតែជាអកុសលគ្រូពេទ្យមិនអាចជួយជនរងគ្រោះបានឡើយ ព្រោះថាជនរងគ្រោះបានដាច់សរសៃឈាមក្នុងខួរក្បាលបាត់ទៅហើយ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារតម្កល់នៅផ្ទះឯខេត្តបាត់ដំបង ដើម្បីរៀបចំធ្វើបុណ្យ និងបូជាតាមប្រពៃណី៕