«អយុត្តិធម៌ មិន​សម​ហេតុផល និង​ដើរ​ផ្ទុយ​ពី​ស្មារតី​ជា​សម្ព័ន្ធ​មិត្ត​» នេះ​គឺ​ជា​ប្រតិកម្ម​របស់​តួកគី ឆ្លើយ​តប​នឹង​សេចក្ដី​សម្រេច​របស់​សហរដ្ឋអាមេរិក ដែលដក​តួកគី​ចេញ​ពី​កម្មវិធី​ផលិត​យន្តហោះ​ចម្បាំង F-35 ​របស់​អាមេរិក​។

នៅ​ថ្ងៃ​ពុធ ទី​១៧​កក្កដា​ម្សិលមិញ​ សេតវិមាន​អាមេរិក បាន​ប្រកាស​ដក​តួកគី​ចេញ​ពី​កម្មវិធី​ផលិត​យន្តហោះ​ចម្បាំង​ទំនើប F-35។ ការ​សម្រេចធ្វើបែប​នេះ គឺដោយសារតែ​​តួកគីនៅតែ​បន្តទិញ​មីស៊ីល​ពី​រុស្ស៊ី​​។ រដ្ឋ​មន្ដ្រី​ក្រសួង​ការ​បរទេស​តួកគី បាន​ចាត់​ទុក​ការ​សម្រេច​ជា​ឯកត្តោ​ភាគី ​របស់សហរដ្ឋ​អាមេរិក ថា​ជារឿង​អយុត្តិធម៌​ និង​មិន​សម​ហេតុផល​។

សូម​ជម្រាប​ជូន​ថា សេចក្ដី​សម្រេច​របស់​សហរដ្ឋអាមេរិក​ ធ្វើ​ឡើង​តែ​ប្រាំ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​តួកគី បាន​ចាប់​ផ្ដើម​ទទួល​ប្រព័ន្ធ​ខែល​មីស៊ីល ប្រភេទ S-400 ពី​រុស្ស៊ី​។ សហរដ្ឋអាមេរិក បានប្រាប់​តួកគី ម្ដង​ហើយ​ម្ដង​ទៀត កុំ​ឱ្យទិញ​ប្រព័ន្ធខែល​មីស៊ីល​ពី​រុស្ស៊ី ដោយលើកហេតុផល​ថា មីស៊ីលប្រឆាំងយន្តហោះ​​​របស់​រុស្ស៊ី មិន​ស្រប​នឹង​គោល​នយោបាយ​របស់​អង្គការ​អូតង់ ព្រោះតួកគីក៏​ជា​សមាជិក​។

តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​ដដែល បានបញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​នៅក្នុង​ទំនាក់ទំនង​ជាសម្ព័ន្ធ​មិត្ត​ជាមួយ​តួកគី​។ សហរដ្ឋអាមេរិកតោន​​អះអាង​ថា ខ្លួន​នៅ​តែឱ្យតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ជាយុទ្ធសាស្ត្រ​ជាមួយ​ទីក្រុង​អង់ការ៉ា​។ ទន្ទឹម​គ្នា​នេះ សហរដ្ឋអាមេរិក ក៏​បាន​ព្រមាន​តួកគី​ផង​ដែរ ពី​ផល​ប៉ះពាល់​អវិជ្ជមាន តាម​រយៈការបន្ត​ទំនាក់ទំនង​ស៊ីជម្រៅជាមួយ​រុស្ស៊ី​៕