រាជធានីភ្នំពេញ ៖ ពិជាសាហាវបុរសជាកម្មករសំណង់ម្នាក់ បានផ្ទុះកំហឹងទាញកាំបិតប៉័ងតោកាប់ទៅលើស្រ្តីជាប្រពន្ធចំនួន ៤កាំបិត បណ្តាលឱ្យស្លាប់បាត់បង់ជីវីត នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែខឹងប្រពន្ធជេរម៉ែហើយបានទៅដេកលើអង្រឹងរអ៊ូរទាំង៉ូវៗ។ ការប្រើហឹង្សានេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅចំណុចរោងរបស់កម្មករ បុរីភ្នំពេញផាក ស្ថិតនៅតាមផ្លូវជាតិលេខ៦ ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បន្ទាប់ពីប្រើហឹង្សា លោកប្តីរូបនោះ ក៏បានកាន់កាំបិតប៉័ងតោដើរចូលទៅកន្លែងយាមរបស់សន្តិសុខ ប្រគល់ខ្លួនតែម្តង។ឃាតករដៃឆៅ ដែលកាប់សម្លាប់ប្រពន្ធឈ្មោះ ញឹម ពិសិដ្ឋ ភេទប្រុស អាយុ ៣៥ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅរោងកម្មករ កន្លែងកើតហេតុខាងលើ។ ចំណែកឯ ជនរងគ្រោះ ដែលជាប្រពន្ធឈ្មោះ វែង នី ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរលក់អីវ៉ាន់ចាប់ហួយ ស្នាក់នៅកន្លែងកើតហេតុខាងលើ បានត្រូវចំនួន ៤កាំបិត ស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រះកុសុះមះ។
តាមនគរបាលប៉ុស្តិ៍ព្រែកលៀប បានឱ្យដឹងថា ជនដៃដល់ បានប្រើកាំបិតប៉័ងតោកាប់ទៅលើស្រ្តីជាភរិយាចំនួន ៤កាំបិត នៅពេលកំពុងតែដេកលើអង្រឹងបន្ទាប់ពីមានទំនាស់គ្នា ក្នុងគ្រួសារ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៩ និង២០នាទីព្រឹកថ្ងៃកើតហេតុ ខណៈពេលដែលស្រ្តីជាប្រពន្ធបានទៅផ្សារ បុរសជាប្តី ក៏បានទៅទិញស្រាថ្នាំអោយកម្មករដូចគ្នាកន្លះដបទឹកសុទ្ធ ក្នុងតម្លៃ ១៥០០រៀល។ បន្ទាប់ពីទិញស្រាបានហើយ ត្រូវបានកម្មករដូចគ្នា អោយផឹកមួយកែវ រួចក៏បានធ្វើដំណើរត្រឡប់មកកន្លែងលក់ចាបហួយវិញ លុះនៅវេលាម៉ោងប្រមាណ១០ព្រឹក ស្រី្តជាប្រពន្ធ ក៏បានធ្វើដំណើរត្រឡប់មកពីផ្សារវិញហើយ ទំនងជាខឹងប្រពន្ធទៅផ្សារយូរ ក៏មានទំនាស់គ្នាយ៉ាងខ្លាំង។
បន្ទាប់ពីទាស់ទែងគ្នា ស្រ្តីជាប្រពន្ធ ក៏បានដើរទៅដេកយោលអង្រឹងហើយបានស្រែកជេរម៉ែបុរសជាប្តី ដដែល និងរអ៊ូង៉ូវៗ ធ្វើអោយបុរសជាប្តី ទ្រាំមិនបានផ្ទុះកំហឹងស្ទុះទៅយកកាំបិតប៉័ងតោកាប់ទៅលើស្រ្តីជាប្រពន្ធចំនួន ៤កាំបិត ចំថ្ពាល់ខាងឆ្វេង ១កាំបិត ចំដៃឆ្វេងចំនួន ២កាំបិត និងចំស្មាឆ្វេង ១កាំបិត បណ្តាលអោយរងរបួសធ្ងន់ឈាមហូរពេញអង្រឹងតែម្តង។ ភ្លាមៗនោះ ត្រូវបានបងប្អូន និងអ្នកជិតខាងបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រះកុសុះមះ តែត្រូវបានក្រុមគ្រួសារអោយដឹងថា ស្លាប់បាត់ទៅហើយ។

បើតាមនគរបាល បានបញ្ជាក់ឱ្យដឹងថា បន្ទប់ពីប្រើហឹង្សា ជនដៃដល់ ក៏បានកាន់កាំបិត ដើរចូលទៅកន្លែងសន្តិសុខចាប់វាយខ្មោះ ហើយនគរបាលប៉ុស្តិ៍ ចុះទៅអន្តរាគមន៍នាំខ្លួនយកមកសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។ រីឯសពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅឈាបនដ្ឋានវត្តបាក់ខែង៕